បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងចែកស្បៀងអាហារដល់ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨០គ្រួសារ ដែលរស់នៅភូមិសឿ និងភូមិចំណោម។ពិធីនេះរៀបចំដោយអង្គការទស្សនៈពិភពលោក (world vision)នៅសាលាឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យដោយមានការចូលរួមពី លោក កែវ តារារស្មី អភិបាលស្រុកមង្គលបូរី មន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមការងារអង្គការទស្សនៈពិភពលោកអន្តរជាតិ និងអាជ្ញាធរមូលដ្ឋាន ។
លោក កែវ តារារស្មី អភិបាលស្រុកមង្គលបូរី បានមានប្រសាសន៍ថា កម្មវិធីចែកស្បៀងអាហារនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងរួមចំណែកសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ជាពិសេសគ្រួសារដែលកំពុងប្រឈមនឹងបញ្ហាជីវភាព និងតម្រូវការស្បៀងអាហារប្រចាំថ្ងៃ។ ការផ្តល់ជំនួយដល់ប្រជាពលរដ្ឋចំនួន ៨០គ្រួសារនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌ដ៏មានសារៈសំខាន់ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីសាមគ្គីភាពក្នុងការជួយគ្នាទៅវិញទៅមក នៅពេលជួបប្រទះគ្រោះមហន្តរាយធម្មជាតិ។
នាឱកាសនោះផងដែរ លោក ឃ្លោក នួយ អភិបាលរងខេត្ត ក៏បានបញ្ជាក់ថា កម្មវិធីនេះក៏បានបង្ហាញពីកិច្ចសហការរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ អង្គការទស្សនៈពិភពលោកអន្តរជាតិ និងភាគីពាក់ព័ន្ធ ក្នុងការចូលរួមឆ្លើយតបនឹងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ព្រមទាំងជំរុញការផ្តល់ជំនួយឱ្យបានទាន់ពេលវេលា និងចំគោលដៅដល់គ្រួសារដែលមានតម្រូវការចាំបាច់។ តាមរយៈសកម្មភាពមនុស្សធម៌នេះ រំពឹងថានឹងអាចជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋរងគ្រោះបានមួយកម្រិត និងផ្តល់កម្លាំងចិត្តដល់គ្រួសារដែលរងផលប៉ះពាល់ ឱ្យមានលទ្ធភាពបន្តស្តារជីវភាពរស់នៅប្រចាំថ្ងៃឡើងវិញ។
គូបញ្ជាក់ផងដែរថា អំណោយដែលបានផ្ដល់ជូននាពេលនេះក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ ៦០គីឡូក្រាម ត្រីខ ៣០កំប៉ុង ប្រេងឆា ៥លីត្រ មី ៦កញ្ចប់ ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៥ដប ស្ករស ២.៣គីឡូក្រាម អំបិល ១.៨គីឡូក្រាម និងស៊ុត ៥០គ្រាប់ផងដែរ៕

