បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរង ខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោកស្រី រ៉ូណា ថារ៉ត ប្រធានផ្នែកនយោបាយ នៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា លោកស្រីបណ្ឌិត ថាន ធីហា នាយិកាប្រចាំប្រទេសស្ដីទីរបស់ អង្គការទស្សនៈពិភពលោកអន្តរជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងចែកស្បៀងអាហារដល់ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ១៥០គ្រួសារ ។ពិធីនេះរៀបចំដោយអង្គការទស្សនៈពិភពលោក (world vision) ស្ថិតនៅភូមិបឹងឃ្លាំង ឃុំតាឡំ ស្រុកមង្គរបូរី ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី អភិបាលរង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមការងារអង្គការទស្សនៈពិភពលោកអន្តរជាតិ និងអ្នកពាក់ព័ន្ធ ។
លោកស្រីបណ្ឌិត ថាន ធីហា នាយិកាប្រចាំប្រទេសស្ដីទីរបស់ អង្គការទស្សនៈពិភពលោកអន្តរជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សហរដ្ឋអាមេរិកក៏ដូចជា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ដែលបានគាំទ្រនៅការផ្ដល់ស្បៀងអាហារនាថ្ងៃនេះ។ ជាពិសេសបេសកម្មនេះ ក្នុងការចុះជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាក ក្នុងការឈរនៅជាមួយបងប្អូនប្រជាពលរដ្ឋ សហគមន៍ កុមារ ដែលស្ថិតក្នុងគ្រាលំបាក ហើយយើងក៏ចង់នាំនៅក្ដីសង្ឃឹមទៅដល់ពួកគាត់ឲ្យបានច្រើនបន្ថែមទៀត។
លោកស្រី រ៉ូណា ថារ៉ត ប្រធានផ្នែកនយោបាយ នៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានមានប្រសាសន៍ថា គ្រោះទឹកជំនន់នាពេលថ្មីៗនេះ រងផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋជាច្រើន ហើយរាជរដ្ឋាភិបាលសហរដ្ឋអាមេរិក មានវត្តមាននៅព្រះរាជាណាចក្រកម្ពុជានៅតែបន្ត មានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ការជួយប្រជាពលរដ្ឋគឺមានសារៈសំខាន់ណាស់ ហើយគឺមានរបស់មួយចំនួនដែលផ្ដល់ជូនបងប្អូនទាំងអស់គ្នា ហើយក៏មានវត្តមានកុមារជាច្រើននៅទីនេះដែរ យើងនឹងសង្ឃឹមថាអាហារូបត្ថម្ភទាំងអស់នោះ នឹងជួយដល់ការរីកចម្រើនលូតលាស់របស់ពួកគាត់ដែរ។
នាឱកាសនោះផងដែរ លោក ឃ្លោក នួយ អភិបាលរង ខេត្ត ក៏បានបញ្ជាក់ថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀង ខ្វះខាតស្បៀងអាហារ ហេតុដូច្នេះហើយ ទើបថ្ងៃនេះ បានផ្តល់អំណោយមានគ្រឿងឧបភោគ បរិភោគ មកចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ក្នុងការជួយសម្រាលការលំបាក របស់បងប្អូនប្រជាពលរដ្ឋបានមួយគ្រា ដើម្បីឱ្យបងប្អូនត្រៀមលក្ខណៈ ក្នុងការបង្កបង្កើនផល ដាំដំណាំរួមផ្សំ ក៏ដូចជាប្រកបមុខរបររកស៊ីប្រចាំថ្ងៃ ក្នុងការស្តាជីវភាពគ្រួសារឱ្យប្រសើរឡើងវិញ។
លោកក៍បានមានប្រសាសន៍នែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតីចេះធ្វើអនាម័យបរិស្ថាននៅជុំវិញផ្ទះ ក៏ដូចជានៅតាមបណ្តាទីសាធារណៈ និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការសម្អាតបរិស្ថាន ធ្វើយ៉ាងណាឱ្យទីសាធារណៈ រួមមានវត្តអារាម សាលារៀន តាមដងផ្លូវគ្មានសំរាម ជាផ្នែកមួយក្នុងការលើកកម្ពស់អនាម័យបរិស្ថានឱ្យមានភាពស្រស់បំព្រង កាលណាបើបរិស្ថានស្អាត រស់នៅស្អាត ហូបស្អាត នោះប្រជាពលរដ្ឋពុំសូវមានជំងឺដង្កាត់ឡើយ។
គូបញ្ជាក់ផងដែរថា អំណោយដែលបានផ្ដល់ជូននាពេលនេះក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ ៦០គីឡូក្រាម ត្រីខ ៣០កំប៉ុង ប្រេងឆា ៥លីត្រ មី ៦កញ្ចប់ ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៥ដប ស្ករស ២.៣គីឡូក្រាម អំបិល ១.៨គីឡូក្រាម និងស៊ុត ៥០គ្រាប់ផងដែរ៕

