ខេត្តបន្ទាយមានជ័យ៖អង្ករចំនួន៤៤តោននិង៤០០គីឡូក្រាមត្រូវបានរៀបចំពិធីប្រគេនដល់ព្រះសង្ឃចំនួន ១៤៨វត្ត សម្រាប់ខេត្តបន្ទាយមានជ័យនាល្ងាចថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។ដែលទេយ្យទាននេះ ជារបស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ហ៊ឹម វិបុលឬទ្ធិ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា វត្តទាំង១៤៨ ដែលបានទទួលនូវ ទេយ្យទាន ថ្ងៃនេះគឺជាវត្ត នៅតាមបណ្ដាស្រុក ក្រុង ជួបនូវបញ្ហាគ្រោះធម្មជាតិទឹកជំនន់លិចលង់ហើយវត្តមួយចំនួនទៀតជួបនូវបញ្ហាខ្វះខាត អត្តខាត់ មូលហេតុពុទ្ធបរិស័ទពិបាកក្នុងការធ្វើដំណើរជាដើម។
ឯកឧត្ដម ហ៊ឹម វិបុលឬទ្ធិ បានមានប្រសាសន៍ថា ការប្រគល់អង្ករដល់ព្រះសង្ឃនៅថ្ងៃនេះគឺជាសន្ដានចិត្តមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត និងលោកជំទាវ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
សម្តេច និងលោកជំទាវបណ្ឌិតតែងតែគិតគូរដល់ សុខទុក្ខព្រះសង្ឃនិងទីវត្តអារាម ដែលខ្សត់ពុទ្ធបរិស័ទ ជាពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាឱកាសដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទធ្វើទានរក្សាសីលនិងឧទ្ទិសកុសលដល់បុព្វការីជន។ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទីប្រាំពីរ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាព ស្វាហាប់ រឹងមាំ របស់សម្តេចមហាព្រះអធិបតី ហ៊ុនម៉ាណែត ដែលបានបន្តដឹកនាំពី សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ រក្សាបាននូវសុខសន្តិភាពស្ថិរភាពអធិបតេយ្យភាពបូរណភាពទឹកដី និងបានយកចិត្តទុកដាក់ខ្ពស់លើការអភិរក្ស លើតំលៃនៃព្រះពុទ្ធសាសនា ជារបស់រដ្ឋ។ នាឱកាសនេះ គឺជាការបន្តប្រពៃណីដ៏ល្អផូរផង់របស់ថ្នាក់ដឹកនាំកម្ពុជា ក្រោមការឧបត្ថម្ភព្រះពុទ្ធសាសនានិងធានាឲ្យព្រះសង្ឃដែលគង់នៅវត្ត ក្នុងការបំពេញកិច្ច ទាំងក្នុងរដូវបុណ្យនិងក្រោយរដូវបុណ្យ។ ក្នុងឱកាសនេះការផ្តល់ទានជាអង្ករ ដែលជាសទ្ធាជ្រះថ្លាបំផុតរបស់សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ ឯកឧត្តម ហ៊ឹម វិបុលឬទ្ធិ តំណាងព្រះមន្ត្រីសង្ឃ និងពុទ្ធបរិស័ទទាំងអស់ មានក្ដីរំភើបរីករាយនិងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច មហាបវធិបតី និងលោកជំទាវបណ្ឌិត និងទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សាប្រសិទ្ធីពរជ័យសេរីមង្គលវិបុលសុខ បវរមហាប្រសើរដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាព្រះអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមគ្រួសារទាំងមូលក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះព្រមទាំងទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណះ សុខះ ពលះកុំបីឃ្លៀងឃ្លាតឡើយ៕

