អាជ្ញាធរ ខេត្តបន្ទាយមានជ័យ អំពាវនាវពលរដ្ឋធ្វេីដំណេីរផ្លូវជាតិលេខ៥ ជាពិសេសត្រង់ចំណុចប្រសព្វផ្លូវវាងក្រុង ចូលក្នុងក្រុងសិរីសោភ័ណ ត្រូវមានការប្រុងប្រយ័ត្ន ដោយសារទឹកជំនន់បានហូរច្រោះបណ្ដាលធ្វេីឱ្យផ្លូវរងការដាច់ និងមានជង្ហុកធំៗ

បន្ទាយមានជ័យ ៖ ថ្វីត្បិតបើទឹកជំនន់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបានធ្វើការស្រកចុះជាបណ្តើរៗយ៉ាងណាក៏ដោយ ប៉ុន្តែក្រុង-ស្រុកចំនួនពីរមានក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី កំពុងទទួលរងនូវទឹកជំនន់ពីផ្នែកខាងលើដែលបណ្ដាលឱ្យជន់លិចផ្ទះសំបែង ផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ រួមនឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ពិសេសផ្លូវជាតិលេខ៥ ត្រូវបានទឹកជំនន់ហូរកាត់លេីដងផ្លូវ បង្កផលពិបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយផ្ទាល់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំង ដើម្បីធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋ ចេញពីតំបន់ដែលប្រឈមនៃការជន់លិច នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ-ស្រុកមង្គលបូរី។ ហេីយមិនត្រឹមតែក្រុង-ស្រុកទាំង២រងគ្រោះដោយសារទឹកជំនន់នោះទេ បណ្តារស្រុកមួយចំនួនទៀតក៏កំពុងទទួលរងការវាយប្រហារពីទឹកជំនន់នេះផងដែរ។
នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៦នេះឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ជាពិសេសត្រង់ចំណុចប្រសព្វផ្លូវវាងក្រុង ចូលក្នុងក្រុងសិរីសោភ័ណ ត្រង់ចំណុចមុខវត្តសិរីមង្គល ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ធ្វើដំណើរដោយត្រូវមានការប្រុងប្រយ័ត្ន ដោយសារទឹកជំនន់បានហូរច្រោះបណ្ដាលឱ្យផ្លូវរងការដាច់ និងជង្ហុកធំៗដែលអាចបង្កគ្រោះថ្នាក់នៅពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។
បើយោងទៅតាមរបាយការណ៍ផលប៉ះពាល់ និងខូចខាតដោយសារគ្រោះទឹកជំនន់របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង១៦៧និង០០នាទីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦
ដែលប៉ះពាល់រួមមានក្រុង-ស្រុករួមមាន ៖ ១- ក្រុងប៉ោយប៉ែត ជម្លៀស បងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព សរុប ១,៥៦៤គ្រួសារ, ២-ក្រុងសិរីសោភ័ណ ជម្លៀស បងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ៧៧១គ្រួសារ (ប៉ះពាល់ដំណាំស្រូវ ២,៧៥៣ហិកតា , ដំណាំរួមផ្សំ៥ហិកតា , ខូចខាតដំណាំស្រូវ១២៤ហិកតា , ប៉ះពាល់ផ្លូវ ១៤៩កន្លែង ស្មេីរនឹង ៥៩,៧៦៦ម៉ែត្រ ) , ៣-ស្រុកអូរជ្រៅ ជម្លៀស បងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ៣៣គ្រួសារ(ប៉ះពាល់ដំណាំស្រូវ ៩,០៨៥ហិកតា , ខូច ខាតដំណាំស្រូវ១០៦ហិកតា ,ប៉ះពាល់ផ្លូវ ៦២កន្លែង ស្មេីរនឹង ៤៥,៧៦៦ម៉ែត្រ ) , ៤-ស្រុកមង្គលបូរី ជម្លៀស បងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ៨៥៦គ្រួសារ(ប៉ះពាល់ដំណាំស្រូវ ៧,៨៨៤ហិកតា , ប៉ះពាល់ផ្លូវ ៩២កន្លែង ស្មេីរនឹង ៦៣,៩៧៨ម៉ែត្រ ) , ៥-ស្រុកភ្នំស្រុក ជម្លៀស បងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ១៨គ្រួសារ (ប៉ះពាល់ដំណាំស្រូវ ៤,៨១៦ហិកតា , ដំឡូងមី១៣៧ហិកតា ,ដំណាំរួមផ្សំ៥ហិកតា ,ប៉ះពាល់ផ្លូវ ១៧៨កន្លែង ស្មេីរនឹង ១៣៤,៣៥៦ម៉ែត្រ ) , ៦-ស្រុកម៉ាឡៃ ខូចខាតដំណាំស្រូវ ចំនួន២០៤ហិកតា ,ប៉ះពាល់ផ្លូវ ១កន្លែង ស្មេីរនឹង ២៦,៩២ម៉ែត្រ , ៧-ស្រុកព្រះនេត្រព្រះ (ប៉ះពាល់ដំណាំស្រូវ ២,៤៨១ហិកតា , ប៉ះពាល់ផ្លូវ ២៨កន្លែង ស្មេីរនឹង ៤,៦០០ម៉ែត្រ ) , ៨-ស្រុកថ្មពួក ប៉ះពាល់ដំណាំស្រូវ ២៨ហិកតា ,៩-ស្រុក ស្វាចេកពុំមានផលប៉ះពាល់។ ជារួមផលប៉ះពាល់ និងខូចខាតដោយសារគ្រោះទឹកជំនន់ ជម្លៀស បងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព សរុបចំនួន៣,២៤២គ្រួសារ, ប៉ះពាល់ដំណាំស្រូវ សរុប ២,៧០៩ហិកតា , ដំឡូងមី១៥៦ហិកតា ,ដំណាំរួមផ្សំ១០ហិកតា ,ខូច ខាត ដំណាំស្រូវសរុប៤៣៤ហិកតា ,ប៉ះពាល់ផ្លូវ ៥០២កន្លែង ស្មេីរនឹង ២៩៤,២៥០ម៉ែត្រ ។
ជាមួយ គ្នា នោះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែតុលា នេះ ក៏បានសេចក្តីជូនដំណឹងស្តីពីការផ្អាកបណ្តោះអាសន្នយានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ ៥ ចាប់ពី គ.ម ៣៤០+០០០ ដល់ គ.ម ៣៦១+៨៥០
(អូរស្ងួត-ផ្លូវវាងក្រុងទឹកថ្លា) ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *