លោក ឃ្លោក នួយ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ៨គ្រួសារ រងគ្រោះដោយទឹកជំនន់នៅស្រុកភ្នំស្រុក

បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរង ខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយ លោកស្រី ចំរើន ដាណេ អភិបាលស្រុកភ្នំស្រុក ព្រមទាំងក្រុមការងារ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបាននាំយកអំណោយរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ស្ថិតនៅភូមិមុខឈ្នាង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារ រួមមាន អង្ករ ២០គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ និងទឹកត្រី ១យួរ ដើម្បីជួយសម្រួលតម្រូវការស្បៀងអាហារប្រចាំថ្ងៃ ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ពីស្ថានភាពទឹកជំនន់។

ក្នុងឱកាសនោះ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការចុះចែកអំណោយនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ព្រមទាំងជាការរួមចំណែកផ្គត់ផ្គង់តម្រូវការចាំបាច់ដល់គ្រួសាររងគ្រោះក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ នឹងបន្តតាមដានស្ថានភាពទឹក និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមតំបន់រងផលប៉ះពាល់ ដើម្បីត្រៀមសម្របសម្រួល និងជួយអន្តរាគមន៍តាមតម្រូវការជាក់ស្តែង៕

Leave a Reply

Your email address will not be published. Required fields are marked *