បន្ទាយមានជ័យ ៖ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងភូមិរង់ចាំ ទទួលបានចំណូលបន្ថែម ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ បានជម្រុញលេីកទឹកដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹក ដែលរស់នៅក្នុងភូមិរង់ចាំទាំង៦ភូមិ ចូលរួមរៀបចំ ផ្ទះស្នាក់អាស្រ័យ (Home Stay) នៅតាមផ្ទះនីមួយៗ ជាការបង្កើននូវចំណូលបន្ថែម សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីចម្ងាយចង់មកស្នាក់នៅ រយៈពេល ខ្លី ស្វែយល់ពីជីវភាពរស់នៅរបស់បងប្អូនភៀសសឹកនៅភូមិរង់ចាំ ដែលទទួលរងការឈ្លានពាន ពីសំណាក់ប្រទេសថៃ បំផ្លិតបំផ្លាញផ្ទះសំបែង និងកាន់កាប់ដែនអធិបតេយ្យភាពកម្ពុជា ដោយខុសច្បាប់ បេីទោះបីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅក៏ដោយ។ រហូតមកទល់ពេលនេះពួកគាត់ នៅតែមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានឡេីយ។
ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បញ្ជាក់ថា ចំពោះបងប្អូនដែលមានបំណងចង់បង្កើត ផ្ទះស្នាក់អាស្រ័យ (Home Stay) សូមបំពេញបែបបទ ដែលក្រុមការងារនឹងរៀបចំជូន បំពេញនូវព័ត៌មាន ជាក់លាក់លេខផ្លូវ លេខផ្ទះ និងភូមិ និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង។
ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានពន្យល់ពីអត្ថប្រយោជន៍ ដែលទទួលបានពីការរៀបចំ ផ្ទះស្នាក់អាស្រ័យ និងជំរុញបន្ថែមទៅដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ធ្វេីការរៀបចំផ្ទះសំបែងឱ្យបានស្អាត មានសោភ័ណ្ឌភាព ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្ត្រី តែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹកជាខ្លាំង ជាពិសេសបងប្អូនភៀសសឹកនៅភូមិរង់ចាំ ដោយបានរៀបចំដីចំនួន៤០០ហិកតា ដែលជាការឧបត្ថម្ភរបស់ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ជូនរាជរដ្ឋាភិបាល សម្រប់រៀបចំជាជម្រកសមរម្យ នៅភូមិរង់ចាំ ដែលមាន៣.៣១៨គ្រួសារ ស្មើនឹងមនុស្សរាយចំនួន១៣.២៥៩នាក់/ស្រី៦.៦៤២នាក់ កុមារ៣.៤១៦នាក់។ រួមមានមានផ្លូវចំនួន២៦ខ្សែ ក្នុងនោះ ផ្លូវមេទំហំ១១ម៉ែត្រ ចំនួន៦ខ្សែ និងផ្លូវទំហំ៧ម៉ែត្រចំនួន២០ខ្សែ បានសាងសង់សាលារៀន មន្ទីរពេទ្យ ផ្សារ រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕

