សិក្ខាសាលាចាប់ផ្ដើមអនុវត្តគម្រោងស្ដីពី ការប្រកាសឲ្យដឹងមុន សម្រាប់ទាំងអស់គ្នា (EW4ALL) នៅកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ និងលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោកស្រី នង រតនា ប្រធានផ្នែកគ្រប់គ្រង និងត្រួតពិនិត្យកម្មវិធី តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងវគ្គសិក្ខាសាលាចាប់ផ្ដើមអនុវត្តគម្រោងស្ដីពី ការប្រកាសឲ្យដឹងមុន សម្រាប់ទាំងអស់គ្នា (EW4ALL) នៅកម្ពុជា។សិក្ខាសាលានេះបានធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី អភិបាល អភិបាលរងក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូពាក់ព័ន្ធ លោកមេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធ ។

ក្នុងឱកាសនោះផងដែរ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យទាំងនេះ យើងចាំបាច់ត្រូវពង្រឹងការយល់ដឹងអំពីហានិភ័យ នៃគ្រោះមហន្តរាយ និងលើកកម្ពស់សមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ ថ្នាក់ខេត្ត ស្រុក និងឃុំ។ ដោយយើងត្រូវពង្រឹងសមត្ថភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅគ្រប់កម្រិត ជាពិសេស ថ្នាក់ឃុំ-ភូមិឱ្យកាន់តែឈ្លាសវៃ រឹងមាំ និងប៉ិនប្រសប់ ក្នុងការរៀបចំផែនការត្រៀមបម្រុង ការកំណត់តួនាទី និងការទទួលខុសត្រូវ ការសម្របសម្រួល ការទទួល និងផ្សព្វផ្សាយព័ត៌មាន អំពីការព្រមានជាមុន ព្រមទាំងការចាត់វិធានការឆ្លើយតបទាន់ពេលវេលា នៅពេលដែលមានគ្រោះមហន្តរាយកើតឡើងម្តងៗ។

លោក ឃ្លោក នួយ អភិបាលរងខេត្តបានបន្តថា ចំពោះកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពទាំងឡាយដែលយើងកំពុងអនុវត្តនាពេលនេះ និងសូមវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និងសម្របសម្រួលការអនុវត្តសកម្មភាព ព្រមទាំងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោង «ការប្រកាសឱ្យដឹងមុនសម្រាប់ ទាំងអស់គ្នានៅកម្ពុជា (EW4ALL)»។

ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង បានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងចំនួន៧ ចំណុចរួមមាន៖ ទី១, ពង្រឹងប្រព័ន្ធប្រកាសឲ្យដឹងមុន និងសកម្មភាពមុនពេលកើតមានគ្រោះមហន្តរាយពហុមុខសញ្ញាគ្រោះថ្នាក់នៅកម្ពុជា។ ទី២, លើកកម្ពស់ចំណេះដឹងអំពីហានិភ័យគ្រួសមហន្តរាយ និងការគ្រប់គ្រងព័ត៌មាន។ ទី៣, ពង្រឹងប្រព័ន្ធប្រកាសឲ្យដឹងមុន និងការទំនាក់ទំនងផ្សព្វផ្សាយ។ ទី៤, ពង្រឹងសមត្ថភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទៅលើការគ្រប់គ្រងហានិភ័យគ្រោះមន្តរាយ។ ទី៥, ពង្រឹងការត្រៀមបង្ការ និងការរៀបចំផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអន្តរាយ។ ទី៦, លើកកម្ពស់ការសម្របសម្រួល និងអភិបាលកិច្ចក្នុងការគ្រប់គ្រងហានិភ័យគ្រោះអន្តរាយ។ និងទី៧, ធានាឲ្យការប្រកាសព័ត៌មានឲ្យដឹងមុន ទាន់ពេលវេលា ងាយស្រួលទទួលបាន និងអាចយកទៅអនុវត្តបានផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *