សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦

ប៉ៃលិន៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាព លោកជំទាវ បណ្ឌិត បាន ស្រីមុំ ប្រធាន គណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពីសំណាក់ សមាជិកគណៈកម្មាធិការ សាខានិងនាយក នាយករង ព្រមទាំងមន្រ្តី ក្រុមប្រតិបត្តសាខាខេត្ត។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការរៀបចំសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន ១-បូកសរុប និងវាយ តម្លៃលទ្ធផលការងារដើម្បីពិនិត្យ ស្តាប់ និងអនុម័តលើរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារមនុស្សធម៌ និងរបាយការណ៍ហិរញ្ញវត្ថុដែលសាខាសម្រេចបានក្នុងអាណត្តិកន្លងមក។២-កំណត់ទិសដៅការងារបន្ត៖ ដើម្បីពិភាក្សា និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រទិសដៅការងារ និងគោលដៅអាទិភាពសម្រាប់អនុវត្តក្នុងអាណត្តិថ្មីខាងមុខ ឱ្យស្របតាមយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា។ ៣-បោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ ដើម្បីបោះឆ្នោតជ្រើសរើស សមាសភាព គណៈកម្មាធិការសាខា និង គណៈកិត្តិយសសាខា សម្រាប់អាណត្តិថ្មី ក្នុងការដឹកនាំ និងសម្របសម្រួល សកម្មភាពមនុស្សធម៌ក្នុងដែនដីខេត្ត។ និង ៤-ពង្រឹងកម្លាំង និងបណ្តាញមនុស្សធម៌ ដើម្បីកៀងគរ កោតសរសើរ និង លើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និងសប្បុរសជន ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធាន ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

លោកជំទាវបណ្ឌិតប្រធានគណៈកម្មាធិការសាខាខេត្ត បានមានប្រសាសន៍លើកឡើងថា៖ យោង លក្ខន្តិកៈកាក បាទក្រហមកម្ពុជា ជំពូកទី៥ មាត្រា២៤ ស្តីពីសាខារាជធានី-ខេត្ត និងវិធាននៃនីតិក្រមវិធានទី៣៣ ស្តីពី សន្និបាត សាខា ដូចនេះសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ត្រូវប្រារព្ធសន្និបាទសាខារាល់ ៦ឆ្នាំម្តង ដោយបាន កំណត់យកពេលវេលានៅចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៦ ដើម្បីប្រារព្វសន្និបាត ដូច្នេះសមាជិក សមាជិកា គណៈកម្មាធិការសាខា ខេត្តទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំនេះ ឱ្យបានល្អប្រសើរ ដើម្បីប្រព្រឹត្តទៅដោយរលូន។

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះ គណៈកិត្តិយស និង គណៈកម្មាធិការសាខាអាណត្តិទី៥ ព្រមទាំងនាយក នាយករង និងមន្រ្តីក្រុមប្រតិបត្តសាខាខេត្តទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ជាពិសេសការគ្រប់គ្រង សម្របសម្រួល ចែកអំណោយ និងអប់រំ ផ្សព្វផ្សាយថែរក្សាសុខភាពជូនបងប្អូនពលករ និងប្រជាជនភៀសសឹកក្នុងអំឡុងពេលមាន សង្គ្រាមតាមព្រំដែនកាល ពីឆ្នាំ២០២៥ កន្លងទៅ និងការសម្រេចបាននូវសមិទ្ធផលតាមយុទ្ធសាស្ត្រ ២០២០-២០៣០។

សូមរំលឹកថា៖ សមាសភាពដែលបានបោះឆ្នោត និងប្រកាសទទួលស្គាល់សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នៅអាណត្តិទី៥កន្លងទៅ មានចំនួនសរុប ២៩ រូប រួមមាន៖ គណៈកិត្តិយសសាខា៖ មានចំនួន ១៤ រូប (ដឹកនាំដោយប្រធានកិត្តិយស) និងគណៈកម្មាធិការសាខា៖ មានចំនួន ១៥ រូប (ដឹកនាំដោយប្រធានគណៈកម្មាធិការ សាខា)៕

Leave a Reply

Your email address will not be published. Required fields are marked *