បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយ ប្រតិភូក្រសួង លោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការងារលើកកម្រិតផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) និងបេតុង ចំនួន២ខ្សែប្រវែង២៥.១១គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៅស្រុកព្រះនេត្រព្រះ និងស្រុកស្វាយចេក នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
លោក ជា យុទ្ឋារុណ បានមានប្រសាសន៍បញ្ជាក់ថា ការចុះពិនិត្យវឌ្ឍនភាពការងារលើកកម្រិតផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) និងបេតុង ចំនួន២ខ្សែប្រវែង២៥.១១គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៅស្រុកព្រះនេត្រព្រះ និងស្រុកស្វាយចេក រួមមាន៖ ១–ខ្សែទី១ផ្លូវជ្រាប់ចាស់–ជ្រាប់ថ្មី ប្រវែង១២.៦៥គីឡូម៉ែត្រ ក្នុងឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។ ២–ខ្សែទី២ ផ្លូវកក់–ភាសត្បូង ប្រវែង១២. ៤៦គីឡូម៉ែត្រ ចាប់ពីឃុំជប់វ៉ារី កាត់តាមឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ទៅដល់ឃុំសារង្គ ស្រុកស្វាយចេក។
ឯកឧត្តម អ៊ុក ពញ្ញា និងលោក ឃ្លោក នួយ ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ត្រូវរួមគ្នារថែរក្សាសមិទ្ធផលទាំងនេះ ឱ្យបានគង់វង្ស និងប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍រួមសម្រាប់កូនចៅជំនាន់ក្រោយៗទៀតផងដែរ៕

