ខេត្តកណ្តាល ៖ ឃ្លាំងស្តុបកំទេចឈើសម្រាប់ដុតចំហេះក្នុងឡរផលិតឥដ្ឋ ក្នុងរោងចក្ររបស់ក្រុមហ៊ុនដុងរុយទួន ស្ថិតនៅចំណុចភូមិស្រែអំពឹល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវអគ្គីភ័យឆាបឆេះកាលពីវេលាម៉ោងជាង១០ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះបានសហការជាមួយកម្លាំងអធិការនគរបាលស្រុកកៀនស្វាយ បញ្ជាការដ្ឋានអង្គរក្ស និងក្រុមហ៊ុនស្រាបៀរ៏ម៉ាឌ្រីត បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍ភ្លាមៗ។
៊
សមត្ថកិច្ច បានឲ្យដឹងថា៖ តាមការបំភ្លឺពីបុគ្គលិកក្នុងរោងចក្រ គឺឃ្លាំងមានទំហុំ(ទទឺងប្រវែង៣០ម៉ែត្រ បណ្តោយប្រវែង១០០ម៉ែត្រ )ខូចខាតអស់ទាំងស្រុង មូលហេតុបឋម អាចមកអំពីទីតាំងឃ្លាំងជារោងសាងសង់អំពីសរសរដែកប្រក់សង្ក័សីមានផ្ទុកកំទេចឈើសស្ងួតណែនហ៊ឹបបណ្តាលឲ្យកំដៅកើនឡើងបង្ករទៅជាចំហេះឆេះកំទេចឈើតែម្តង ។
សមត្ថកិច្ចបញ្ជាក់ថា ៖រហូតមកដល់ម៉ោង១៧និង៣០នាទីថ្ងៃដដែល ទោះបីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងកម្លាំងអន្តរាគមន៍បាញ់ពន្លត់ក៏មិនទាន់បញ្ចប់នៅឡើយ ដោយកំទេចឈើស្ងួតនោះខាងក្រុមហ៊ុនបានរក្សាទុកមកជាយូរឆ្នាំនិងមានចំនួនច្រើនកម្រាស់ក្រាស់ រហូតគ្រឿងចក្របានរុញឃ្លាំងដែលផ្ទុកអស់ដួលរាបទាំងស្រុង ហើយសម្រាប់ទិន្នន័យនៃការខូចខាតនិងប្រើប្រាស់ទឹកអស់ប៉ុន្មានរថយន្ត ក៏មិនទាន់គណនាសរុបបាននៅឡើយ ដោយក្នុងហេតុការនេះដែរ គឺភ្លើងមិនបានឆេះរាលដាលទៅកន្លែងផ្សេងនោះទេ និងក៏មិនមានរងរបួសគ្រោះថ្នាក់ដល់មនុស្សននោះដែរ៕

