បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចូលរួមគោរពវិញ្ញាណក្ខន្ធនិងដាក់កម្រងផ្កាជូនសព លោកឧត្តមសេនីយ៍ត្រី មិន ភីរ៉ា ស្នងការរងជំនួយដឹកនាំ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៣ ខែ កញ្ញា ឆ្នាំ២០២៦កន្លងទៅ ដែលកម្មវិធីបុណ្យប្ររព្ធនៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ក្នុងពិធីបុណ្យដ៏សែនក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ក៏បាននាំយកថវិកាផ្ទាល់ខ្លួន និងថវិកាចូលរួមរបស់សហការីនៃស្នងការដ្ឋាននគរបាលខេត្តសរុប ចំនួន ១៤,៧៣០, ០០០ លានរៀល រួមទាំងសាររំលែកទុក្ខ ប្រគល់ជូនក្រុមគ្រួសារសព ដើម្បីជួយសម្រាលដល់ការខ្វះខាត និងបង្ហាញពីការយកចិត្តទុកដាក់ក្នុងនាមជាមន្ត្រីរួមអាជីព។
មរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី មិន ភីរ៉ាគឺជាការបាត់បង់ស្វាមី និងជាឪពុកដ៏ល្អដែលតែងតែផ្ដល់ភាពកក់ក្តៅដល់កូនៗ ព្រមទាំងជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូប ដែលមានស្នាដៃក្នុងការបម្រើជាតិ និងរក្សាសន្តិសុខសុវត្ថិភាពសង្គម។
តាងនាមឲ្យក្រុមគ្រួសារសព សាច់ញាតិទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈស្នងការ និងកងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត សម្ភារ: ថវិកា ពេលវេលាដ៏មានតម្លៃ មកចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ សូមគោរពជូនពរឲ្យ លោក លោកស្រី ទាំងអស់ជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

