(បន្ទាយមានជ័យ)៖ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សភូមិតេជោសន្តិភាព (ការ៉េ២) ឃុំប៉ោយចារ ស្រុកភ្នំស្រុក។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់អាជ្ញាធរដែនដីស្រុកភ្នំស្រុករួចមក ឯកឧត្តម កែ គឹមយ៉ាន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំដោយមិននឿយហត់របស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគណបក្ស វិស័យឯកជន វិស័យ សាសនា ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរដែនដីនិងអង្គភាពពាក់ព័ន្ធ ក្រុមការងារ និងសមាជិក សមាជិកាគណបក្សភូមិតេជោសន្តិភាព (ការ៉េ២) ដែលបានខិតខំចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាល និងការរួមសាមគ្គីគ្នាប្រកបដោយស្មារតីជាតិនិយម ប្រយុទ្ធតតាំងនឹងកងទ័ពឈ្លានពានថៃ និងបានរួមគ្នាគិតដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា.ថៃ ក្នុងពេលកន្លងមក។
ឯកឧត្តម កែ គឹមយ៉ាន បានសង្កត់ធ្ងន់ថា៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពលនិងទស្សនៈវិស័យច្បាស់លាស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការបន្ត អនុវត្តមាគ៌ានយោបាយរបស់ សម្តេចតេជោហ៊ុន សែន អគ្គមគទេសដ៏ឆ្នើមនៃប្រជាជាតិកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា នៅតែសម្រេចបាននៅការអភិវឌ្ឍន៍គ្រប់វិស័យ រួមមាន៖ ការតម្លើងប្រាក់បៀវត្សរ៍មូលដ្ឋានជូនមន្រ្តីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងជំនួយសង្គម កម្មិវិធីពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ការពង្រឹងនិងពង្រីកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជន ការពង្រីកទីផ្សារការងារក្នុងនិងក្រៅប្រទេស ការអនុវត្តយ៉ាងមានប្រសិទ្ធភាពគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបន្តប្តេជ្ញាចិត្តបង្រ្កាបឧក្រិដ្ឋកម្មអនឡាញស្កេម និងការបន្តខិតខំប្រឹងប្រែងបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជននិងក្រុមគ្រួសារជាបន្តបន្ទាប់ តាមរយៈការអភិវឌ្ឍគោលនយោបាយសង្គមកិច្ច ដើម្បីជួយគាំពារដល់ហានិភ័យផ្សេងៗដែលអាចនឹងកើតឡើងចំពោះ បងប្អូន និងក្រុមគ្រួសារអតីតយុទ្ធជនយើង។
ឯកឧត្តម កែ គឹមយ៉ាន បានណែនាំដល់ សមាជិក សមាជិកា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវការរពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ការពារជាតិ សាសនា ព្រះមហាក្សត្រ អធិបតេយ្យភាពជាតិ និងរាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និវត្តន៍ជននិងក្រុមគ្រួសារ និងបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕

