អភិបាលខេត្តប៉ៃ​លិន ជួ​បពិភាក្សាកា​រងារវិនិ​យោគ​លើវិស័យ​ទេសចរណ៍ និ​ងកសិកម្ម ជាមួយ BRIC​S House ប្រចាំ​នៅកម្ពុជា ​របស់​ប្រទេ​សរុស្ស៊ី

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី៣១ ខែ​សីហា ឆ្នាំ២០​២៦ បាន​ទទួល​ស្វាគមន៍ លោក Vladimir Palancicaអគ្គនាយកក្រុម​ហ៊ុន Lotus Group និង​ជា​ប្រធា​ន BRICS House ប្រចាំព្រះ​រាជាណាចក្រក​ម្ពុជា ក្នុងដំណើរ ទស្សនកិច្ច សិក្សាអំ​ពីស្ថា​នភាពទូទៅក្នុង​ខេត្តប៉ៃលិន ដើ​ម្បីពង្រឹងទំនាក់ទំនង និ​ងកិច្ចសហប្រតិបត្តិការ ក្នុងការ វិនិយោគលើ​សក្តា​នុព​លវិស័យកសិកម្មសម្រាប់​ការនាំចេញកសិផល ទៅទីផ្សារ ប្រទេសរុស្ស៊ី រួមទាំងវិស័យ​ទេសចរណ៍​ បរិស្ថានធម្មជាតិ ដោយសា​ខេត្តប៉ៃលិន ជាខេត្តមួយសំបូរសក្តានុពល កសិកម្ម ផលិត ផលបន្លែផ្លែឈើធម្មជាតិជាច្រើន និងមានបរិស្ថានស្អាតសំរាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិម​កសំរា​ក លំហែរ កំសាន្ត។

លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមា​ន លោក Vladimir Palancica អគ្គនាយ​កក្រុមហ៊ុន Lotus Group និងជាប្រធានសាខា BRICS Hou​se Cambodia រួមទាំងដៃ គូវិនិយោគ ក្នុងស្រុកគឺក្រុមហ៊ុន JFT Jet តំណាងដោយលោកស្រី ខែក ខេម​រ៉ាត់ ជាអគ្គនាយិកាព្រមទាំងបានជម្រាបជូន អំពី ស្ថានភាព ភូមិសាស្រ្ត, ស្ថានភាពជីវភាព​រស់នៅរប​ស់ប្រជាពលរដ្ឋ, ស្ថានភាពសេដ្ឋកិច្ច, ស្ថានភាពសន្តិសុខ និងសក្តានុពល របស់ខេត្ត និងទទួលយកបទពិសោធន៍ និងទស្សនៈពាក់ព័ន្ធនឹងទីផ្សាររុស្ស៊ី ដើម្បីសិក្សាស្វែងរកលទ្ធភាព បង្កើតកិច្ច សហប្រតិបត្តិការ និងឱកាសរួមគ្នានាពេលខាងមុខ ជាពិសេសលើវិស័យទេសចរណ៍ វិស័យកសិកម្ម និងការវិនិយោគ។

ជាការឆ្លើយ​តប លោក Vladimir Palancica បានមានប្រសាសន៍កោតសរសើវាយតម្លៃខ្ពស់ ចំពោះ​ការអភិវឌ្ឍន៍ រីក ចម្រើនរបស់ខេត្តប៉ៃលិន ព្រមទាំង សន្យា ថានឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បី​ឆ្លើយ​តបទៅនឹងសេចក្តីត្រូវការ របស់ អាជ្ញាធរ និងប្រជាពលរដ្ឋ ខេត្ត ប៉ៃលិន ក្នុងនាម ប្រទេស​ជាមិត្តដ៏យូ​អង្វែង ដែលជាយុទ្ធសាស្រ្តក្នុងការទាក់ទាញទេសចរ និងអ្នកវិនិយោគរុស្ស៊ី ព្រមទាំងពីស​ហគមន៍និយាយភាសារុស្សីមកកាន់ប្រទេសកម្ពុជា ជាពិសេសបង្កើនកិច្ច សហប្រតិបត្តិការ ឱ្យបាន កាន់ តែ​ល្អប្រសើឡើង ស្របតាម គោល នយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ របស់រាជ​រដ្ឋាភិបាលកម្ពុជា អា​ណត្តិ ទី៧ ដែលមានសម្តេចមហា បវ ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា​៖ BRICS House ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺជាអង្គភាពសម្របសម្រួលកិច្ច​សហប្រតិបត្តិ​ការ ផ្នែកពាណិជ្ជកម្ម និង​វិនិយោគរវាង​កម្ពុជា និងប​ណ្តាប្រទេ​ស BRICS ជាពិសេ​សកា​រភ្ជាប់ទីផ្សារ និងឱកាសកិច្ច សហប្រតិបត្តិការ រវាងប្រទេសរុស្ស៊ី និងកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *