ខេត្តព្រៃវែង៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍អំពាវនាវនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នេះ ដល់អាណាព្យាបាលគ្រប់រូប បន្តជំរុញកូនៗ ឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីកសាងគ្រឹះចំណេះដឹងរឹងមាំសម្រាប់អនាគត។
ក្នុងពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង នៅវិទ្យាល័យ ហ៊ុនសែន ព្រែកសណ្តែក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា នរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដោះស្រាយរាល់បញ្ហាប្រឈម ទាំងលើជីវភាពរស់នៅ សុវត្ថិភាព និងសន្តិសុខសង្គម ដើម្បីធានាលទ្ធភាពនៃការសិក្សារៀនសូត្ររបស់សិស្ស។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងសប្បុរសជន ដែលបានខិតខំប្រឹងប្រែងរួមសាមគ្គីគ្នាកសាងរហូតលេចចេញជារូបរាងសមិទ្ធផលនៅថ្ងៃនេះ ដោយបានចាត់ទុក សមិទ្ធផលនេះថា ជាការរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តល់អនុសាសន៍ណែនាំដល់យុវជនជាពិសេសសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី និងជាអនាគតរបស់ប្រទេសជាតិ ក្រៅពីការខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវចូលរួមពង្រឹង និងគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ព្រោះការគោរពច្បាប់ចរាចរណ៍មិនត្រឹមតែជាការការពារជីវិតនិងសុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសីលធម៌និងធ្វើជាគំរូល្អក្នុងសង្គមផងដែរ។
គួរកត់សម្គាល់ថា នៅក្នុងស្រុកស៊ីធរកណ្តាល មានគ្រឹះស្ថានសិក្សារដ្ឋ ចំនួន៥៩កន្លែង ក្នុងនោះមានវិទ្យាល័យ ២កន្លែង អនុវិទ្យាល័យ៩កន្លែង បឋមសិក្សា ៤៧កន្លែង និងមានសាលាមត្តេយ្យ ដាច់ពីបឋមសិក្សា ១កន្លែង។ ដោយឡែក អគារសិក្សា ១ខ្នង កម្ពស់២ជាន់ មាន១២បន្ទប់ ដែលដាក់សម្ពាធឱ្យប្រើសប្រាស់ជាផ្លូវការនៅថ្ងៃនេះ ត្រូវបានកសាងចាប់តាំងពីឆ្នាំ២០២៤ និងរួចរាល់ក្នុងឆ្នាំ២០២៦។
សូមបញ្ជាក់ជូនថា ក្នុងឆ្នាំសិក្សា២០២៥–២០២៦ វិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក មានបុគ្គលិកសរុប ចំនួន ៧៣នាក់ ស្រី ១៥នាក់ និងមានសិស្ស សរុបចំនួន ១ ៦៩២នាក់ ស្រី ចំនួន ៩៤៤នាក់៕

