(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួច(ខ្សែភ្លើង)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្រោយពីកម្លាំងចុះល្បាតរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត នៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ រហូតដល់វេលាម៉ោង២៣និង៣០នាទី ពេលទៅដល់ចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក៏បានប្រទះឃើញជនយុវជនចំនួន២នាក់ ១–ឈ្មោះផល សុភ័ក្ត ភេទប្រុស អាយុ៣០ឆ្នាំ, ២–ឈ្មោះ កង តារា ភេទប្រុស អាយុ២៦ឆ្នាំ គួរឱ្យសង្ស័យទើបកម្លាំងបានហៅមកសួរនាំនិងធ្វើការឆែកឆេររកឃើញមានកន្ត្រៃចំនួន០២ដើម, កូនកាំបិត ចំនួន០២ដើម ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនតែងតែធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅតាមបង្គោលភ្លើងនិងតាមផ្ទះ ហើយនៅពេលដែលសមត្ថកិច្ចហៅខ្លួនមកសួរនាំ ពួកខ្លួនត្រៀមនឹងចេញធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងដូចសព្វមួយដង តែត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ ហើយពួកខ្លួនក៏បានប្រើប្រាស់គ្រឿងញៀនផងដែរ។ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី៕

