(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត, ភូមិក្បាលស្ពាន១–ភូមិក្បាលកោះ–ភូមិអូរជ្រៅ–ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនយុវជនបានជាបន្តបន្ទាប់សរុប២១នាក់ ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើតេស្តិ៍ទឹកនោមរកសារធាតុញៀនិងសួរនាំតាមនីតិវិធី។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយពីធ្វើតេស្តិ៍ និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់នូវសារធាតុញៀនពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាពនិងតាមរយៈធ្វើតេស្តិ៍ទឹកនោមរកសារធាតុញៀនឃើញថាវេជ្ជមាន(+)ទាំងអស់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន យុវជនទាំង២១នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

