បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។ពិធីនេះបានធ្វើឡើងនៅបរិវេណវត្តពន្លាជ័យ (ហៅវត្តពន្លៃ) ស្ថិតនៅក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រធាន–អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោកស្រី ចំរើន ដាណេ អភិបាលស្រុកភ្នំស្រុក មេឃុំ–មេភូមិ បងប្អូនប្រជាពលរដ្ឋជាង៨០០នាក់ផងដែរ។
បើតាមការបញ្ជាក់ពីលោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ស្រុកភ្នំស្រុក មានក្បាលដីសរុបចំនួន ៧៩ ៨៤២ ក្បាលដី និងចេញបណ្ណបានចំនួន ៤០ ៨១៧ ក្បាលដី ត្រៀមបិទផ្សាយបញ្ចប់នៅថ្ងៃទី០១ កញ្ញា ឆ្នាំ២០២៦ និងគ្រោងចេញបណ្ណបញ្ចប់ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ។លោកបន្តថា ៖ ចំពោះក្បាលដីស្ថិតក្នុងភូមិពន្លៃ ចំនួន ៦២៥៥ ក្បាលដី ប៉ុន្តែក្បាលដីដែលអាចចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៦០២៥ បណ្ណ ដោយក្នុងនោះក្បាលដីចំនួន ២៣០ ក្បាលដី មិនអាចចេញបណ្ណកម្មសិទ្ធិបាន ដោយមូលហេតុម្ចាស់មិនបានមកបំពេញឯកសារវិនិច្ឆ័យ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល និងក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ដែលបង្កើតឱ្យមានយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាការរួមចំណែកក្នុងការធ្វើឱ្យមានសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាវិវាទដីធ្លី និងជំរុញការអភិវឌ្ឍ ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ រក្សាបានស្ថេរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧នេះ។ ជាមួយនេះដែរ ឯកឧត្តម អភិបាលខេត្ត អរគុណដល់ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបាន ខិតខំធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋយ៉ាងមមាញឹក ទទួលបានលទ្ធផលល្អ និងបានចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ៖ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៦ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល៕

