(បន្ទាយមានជ័យ)៖ដោយសារទិញដីមិនបានដីពីក្រុមហ៊ុនលក់ដីល្វែងរបស់ក្រុមហ៊ុនឈ្មោះថា ពៅ វណ្ណា ស្ថិតនៅក្នុងភូមិអាងសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនោះ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ ក្នុងចំណោមពលរដ្ឋសរុប ៨៧៥នាក់ បានលើកគ្នាតវ៉ា ដោយដង្ហែក្បួនចេញពីវត្តផ្សារកណ្ដាល ឆ្ពោះទៅសាលាក្រុងប៉ោយប៉ែត ក្នុងគោលបំណងដើម្បីឲ្យឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចបវរធិបតី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត ជួយដោះស្រាយជូនពួកគាត់ ។
ប្រជាពលរដ្ឋបានអះអាងថា ពួកខ្លួនទិញដីល្វែងរបស់ក្រុមហ៊ុនខាងលើនេះចាប់ពី ៧៥០០ដុល្លា រហូតជាង ២ម៉ឺនដុល្លារក្នុងមួយល្វែង ខ្លះបង់រំលោះនិងខ្លះទៀតទិញលុយសុទ្ធ គិតមកដល់ពេលនេះជិត ១០ឆ្នាំទៅហើយ ដីក៏មិនបាន ឯការដោះស្រាយច្រើនលើកច្រើនសារក៏មិនទទួលបានលទ្ធផល ដោយក្រុមហ៊ុនមួយនេះភូតកុហក យកលេះ ដោះសារមិនចេះចប់ ដូច្នេះហើយទើបថ្ងៃនេះបានពួកគាត់នាំគ្នាមកតវ៉ានៅសាលាក្រុងប៉ោយប៉ែត ដោយបានលើកជាបដាថា“ក្រុមហ៊ុន ពៅ វណ្ណា សូមមេត្តាទទួលខុសត្រូវជួយដោះស្រាយជាមួយអតិថិជនគម្រោងទី១០ និងគម្រោងទី១១ ឲ្យចប់សព្វគ្រប់សិនមុននឹងទៅពុះដីឡូថ្មីលក់បន្ត ,សូមសម្ដេចអធិបតី ហ៊ុន ម៉ាណែត និងសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ករណីក្រុមហ៊ុនគម្រោងដីឡូត៍ ពៅ វណ្ណា គម្រោងទី១០ និងគម្រោងទី១១ ទីតាំងខាងលើ បញ្ហាដីជាប់រក្សាការពារកម្មសិទ្ធិរបស់ឧកញ៉ាម្នាក់ មិនអាចធ្វើប្លង់រឹងបាន ជនរងគ្រោះដែលជាប្រជាពលរដ្ឋកំពុងរងទុក្ខនិងខាតបង់ថវិកាយ៉ាងធ្ងន់ធ្ងរ“ដើម្បីឯកឧត្តម ប៉ាន់ ខែមប៊ុនថន ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យជួយដោះស្រាយ ។
នៅពេលពួកគាត់ដង្ហែរមកដល់សាលាក្រុង អាជ្ញាធរក្រុងបានបដិសេធដោយណែនាំឲ្យពួកគាត់ធ្វើលិខិតស្នើសុំទៅសាលាស្រុកអូរជ្រៅវិញ ពីព្រោះដីចំណុចខាងលើមិនឋិតនៅក្រោមការគ្រប់គ្រងរបស់ក្រុងប៉ោយប៉ែតនោះទេ ។ភ្លាមនោះប្រជាពលរដ្ឋបានជម្រាបជូនទៅវិញថា ពួកខ្លួនមកក្រុងប៉ោយប៉ែតនេះដោយសារតែកន្លងមកឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រាប់ពួកគាត់ថា រាល់រឿងដែលកើតឡើងទីកន្លែងណាក៏ឯកឧត្តមទទួលការដោះស្រាយបានដែរ មិនប្រកាន់កន្លែង ដោយសារទីតាំងដីនៅចំណុចខាងលើ ជាប់ព្រំប្រទល់ក្រុងប៉ោយប៉ែតផងនោះ ទើបពួកគាត់លើកគ្នាមកឲ្យឯកឧត្តមជួយដោះស្រាយនៅក្នុងសាលាក្រុងប៉ោយប៉ែតតែម្ដង។
ភ្លាមនោះឯកឧត្តម ក៏ទទួលការដោះស្រាយដោយអញ្ជើញពួកគាត់ឡើងទៅសាលប្រជុំសាលាក្រុង ក្នុងនោះក៏មានការអញ្ជើញចូលរួមពីរអាជ្ញាធរក្រុង និងតំណាងក្រុមហ៊ុនលក់ដីអាឡូត៍ ជាលទ្ធផល នូវមិនទាន់មានផ្លែផ្កាដដែល ដោយឯកឧត្តម ទុកពេលឱ្យក្រុមហ៊ុន រយៈពេល ៣ថ្ងៃ ឆ្លើយតបមកឯកឧត្តម និងពលរដ្ឋរងគ្រោះថា តើក្រុមហ៊ុនសម្រេចដោះស្រាយដល់កម្រិតណា ប្រគល់ដីឬប្រគល់ប្រាក់ឲ្យអតិថិជនវិញ ឬក៏ត្រូវតតាំងក្តីឡើងទៅតុលាការ ប៉ុន្តែរឿងនេះមិនអាចឈ្នះកម្លាំងប្រជាពលរដ្ឋបានទេ ព្រោះថាក្រុមហ៊ុនលក់ដី ត្រូវមានដីជូនពលរដ្ឋ តែផ្ទុយទៅវិញបែរជាគ្មានដីឲ្យពលរដ្ឋជាម្ចាស់ប្រាក់ទៅវិញ ៕

