ខេត្តបន្ទាយមានជ័យ៖សាលាអនុគណស្រុកអូជ្រៅ បានរៀបចំបើកបវេសនកាលពុទ្ធិកបឋមសិក្សាថ្មី ២០២៦.២០២៧ ទូទាំងប្រទេសស្រុកអូជ្រៅ ដោយបច្ចុប្បន្នសមណ:សិស្សសរុប ១០០អង្គ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ព្រះសមណ:ញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់ គណខេត្តបន្ទាយមានជ័យ និងជានាយករងពុទ្ធិកវិទ្យាល័យ សម្ដេច ជា ស៊ីម លោក ខៀវ សុនិមន៍ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២៦។
ព្រះកោសល មេធី ភាច សឺត ព្រះគ្រូអនុគណស្រុកអូជ្រៅ បានមានថេរដីកាថា សាលាពុទ្ធិកសិក្សា ទាំងអស់គឺជាឆ្អឹងខ្នងដ៍រឹងមាំ របស់ពុទ្ធសាសនា ដូចនេះការខិតខំរៀនសូត្ររបស់សមណ:សិស្សទាំងអស់គឺជាពន្លឺជីវិតមានតម្លៃណាស់ ម្យ៉ាងទៀតទីវត្តអារាមជាកន្លែងរក្សាទុកវប្បធម៌ជាតិ និងជាកន្លែងរំដោះនូវទុក្ខសោកផ្សេងៗ ជាក់ស្ដែងកូននេនតូចៗ ដែលកំពុងបួសជាសង្ឃហើយនោះគឺរៀនសូត្រជាដាច់ខាត បើបួសគឺរៀន។
លោក ខៀវ សុនិមន៍ នឹងព្រះសមណ:ញ្ញណ ណាប់ ម៉ឺន បានមានប្រសាសន៍ នឹងព្រះសង្ឃដីកាថា ដើម្បីទទួលបានគុណភាពអប់រំពុទ្ធិកសិក្សា របស់សមណសិស្ស សិស្ស សមណនិស្សិត និស្សិត អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការកែទម្រង់ ពង្រឹង សមត្ថភាពមន្រ្តី និងគ្រូពុទ្ធិកសិក្សា ព្រមទាំងអភិវឌ្ឍកម្មវិធីពុទ្ធិកសិក្សាថ្មី ឲ្យស្របទៅតាមការរីកចម្រើននៃបច្ចេកវិទ្យា ដើម្បីអភិរក្ស និងអភិវឌ្ឍន៍នូវអ្វីជាលក្ខណៈពិសេស ដែលជាអត្តសញ្ញាណរបស់ពុទ្ធិកសិក្សា ដោយបច្ចុប្បន្នការរីកចម្រើនរបស់កម្ពុជា ក៏ដូចជាក្នុងតំបន់ និងសកលលោក តម្រូវឲ្យមានការប្រកួតប្រជែងយ៉ាងខ្លាំង រវាងសមត្ថភាព ចំណេះដឹង និងមុខជំនាញដើម្បីឆ្លើយតបទៅនឹងបច្ចេកវិទ្យាថ្មីៗ។ ដើម្បីជំរុញឲ្យវិស័យអប់រំពុទ្ធិកសិក្សានេះ មានភាពប្រសើរឡើង ត្រូវបង្កើនការយល់ដឹងដល់ព្រះមន្រ្តីសង្ឃ និងមន្ត្រីរាជការ ក្នុងការបំពេញការងារទៅតាមភារកិច្ច ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវឲ្យកាន់តែមានប្រសិទ្ធភាព ស្ថិតក្នុងមង្គលសម័យនេះដែរ អាត្មាភាពសូមសម្ដែងនូវកតញ្ញូតាធម៌ និងអរគុណ ចំពោះថ្នាក់ដឹកនាំតាមឋានានុក្រម ក្រសួងធម្មការនិងសាសនា អង្គភាពនិងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី គណ:គ្រប់គ្រងគ្រឹះស្ថានពុទ្ធិកសិក្សា ព្រះគ្រូចៅអធិការ សប្បុរសជន ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានបូជាអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រកបដោយវិជ្ជាជីវៈខ្ពស់ ពោរពេញដោយសាមគ្គីភាពនិងឆន្ទៈមនសិការ ក្នុងការបណ្តុះបណ្តាលមូលធនមនុស្សក្នុងវិស័យពុទ្ធិកសិក្សាជាមួយរាជរដ្ឋាភិបាល ព្រោះថា“វិស័យពុទ្ធិកសិក្សាគឺជាគ្រឹះដ៏រឹងមាំនៃព្រះពុទ្ធសាសនាខ្មែរ“ការអភិវឌ្ឍន៍ពុទ្ធិកសិក្សាគឺជាការពង្រឹងកិត្យានុភាពព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនិងជាសសរស្តម្ភដ៍មានសក្តានុពលក្នុងការទ្រទ្រង់និងអភិវឌ្ឍន៍សីលធម៌សង្គមប្រកបដោយចីរភាព៕

