(បន្ទាយមានជ័យ) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងគោរពសិទ្ធិគ្នានៅកន្លែងការងារ “។ ពិធីនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃ៤ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក នួនស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងលោកស្រី សំរឹទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ។
លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា៖ ពិធីបើកនៃយុទ្ធនាការ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដែលជាចលនាសកល មួយដែលយើងទាំងអស់គ្នាត្រូវចូលរួមបង្កើតកន្លែងការងារឱ្យមានសុវត្ថិភាពសម្រាប់ស្ត្រី និងក្មេងស្រី។ ជាការពិតណាស់ នៅពេលដែលកន្លែងធ្វើការមានសុវត្ថិភាព និងមានការគោរពសិទ្ធគ្នាទៅវិញទៅមក គឺធ្វើឱ្យ មានផលិតភាព និងអាជីវកម្មមានភាពជោគជ័យកាន់តែរីកចម្រើន។
ជាមួយគ្នានោះលោក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបន្តថា៖មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការយ៉ាងជិតស្និទ្ធជាមួយនិយោជក និងតំណាងកម្មករនិយោជិត ដើម្បីរៀបចំយុទ្ធនាការនេះក្នុងខេត្តបន្ទាយមានជ័យយើង ដើម្បីចូលរួមលើក កម្ពស់ការប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក៏ដូចជាជំរុញការគោរពសិទ្ធិគ្នានៅកន្លែងធ្វើការ។
លោក យឹម សំណាង ពិតជាមានសេចក្តីរីករាយដែលក្នុងឆ្នាំនេះ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានធ្វើកម្មវិធីយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្នែកលើយេនឌ័រ ក្រោមប្រធានបទ“រួមគ្នាលើកកម្ពស់សុវត្ថិភាព និងគោរពសិទ្ធិគ្នានៅកន្លែងការងារ “។
ក្នុងកម្មវិធីយុទ្ធនាការ១៦ថ្ងៃនេះលោក យឹម សំណាង បានមានប្រសាសន៍ថា៖ ជាអភិបាលរង ដែលទទួលបន្ទុកក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ សង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយបន្តនូវកម្មវិធីដ៏មានសារៈសំខាន់នេះនៅតាម គ្រឹះស្ថានរាងៗខ្លួន ទាំងកម្មករនិយោជិត និងដំណាងនិយោជកដែលបានអញ្ជើញចូលរួមក្នុងព្រឹកនេះ និងបន្តអនុវត្តនៅការលើកកម្ពស់សុវត្ថិភាព និងគោរពសិទ្ធិគ្នានៅកន្លែងការងារ៕

