បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈ អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ ក្រុមការងារអភិវឌ្ឍយុវជនខេត្ត សសយកខេត្ត សិស្សានុសិស្ស រៀបចំពិធីបួងសួង សុំសេចក្តីសុខជូនដល់កងទ័ដែលកំពុងបំពេញភារកិច្ចការពារបូណរភាពទឹកពីការឈ្លានពានពីសត្រូវសៀម ដែលចង់បានប្រាសាទ និងទឹកដីកម្ពុជា។ ក្នុងពិធីបួងសួង ប្រារព្ធធ្វើឡើងនៅបរិវេណប្រាសាទបន្ទាយទ័ព ស្ថិតនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២៥ ។
ក្នុងពិធីនោះដែរក៏មានការរៀបចំនៅថ្វាយភ្លេងពិណពាទ្យ បួងសួងដល់បុព្វបុរសខ្មែរ មេទ័ពកម្ពុជាដែលមានរិទ្ធីអំណាច នាសម័យដើម ប្រោសព្រំសុំសេចក្ដីសុខចម្រើនជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានសេចក្ដីសុខសប្បាយ ឈ្នះអស់មារសត្រូវមកពីគ្រប់ទិសទី ជាពិសេសពីការឈ្លានពានរបស់សត្រូវដែលចង់លេបត្របាក់ទឹកដីកម្ពុជាធ្វើជារបស់ខ្លួន។
ព្រមជាមួយ គ្នានោះថ្នាក់ដឹកនាំមន្ត្រីរាជការ ក៏បានឧទ្ទិសបួងសួងកុសលផលបុណ្យជូនទៅដល់វរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិក្នុងពេលប៉ះទង្គិចគ្នានៅសមរភូមិកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕