ប៉ៃលិន៖នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាក់ព្រះវិស្ណុ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ពិធីជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅបរិវេណច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សិរីសួស្តី ជោគជ័យ និងការអភិវឌ្ឍរីកចម្រើនជូនដល់ខេត្តប៉ៃលិន ក៏ដូចជាប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា។
ពិធីបែបសាសនានេះ បានប្រព្រឹត្តទៅស្របតាមគន្លងប្រពៃណី និងជំនឿទំនៀមទម្លាប់ខ្មែរយ៉ាងខ្ជាប់ខ្ជួន ដោយមានការនិមន្តចូលរួមជាកិត្តិយសពីសំណាក់ ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រមទាំងព្រះរតនមុនី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន និងព្រះសង្ឃជាច្រើនអង្គ ដើម្បីចម្រើនព្រះបរិត្ត និងស្វាធ្យាយជ័យមង្គល ប្រោះព្រំទឹកមន្តសិរីសួស្តីដល់រូបសំណាក់ និងអ្នកចូលរួមទាំងអស់។
វត្តមាននៃរូបសំណាក់ព្រះវិស្ណុនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនេះ មិនត្រឹមតែជាទីសក្ការបូជា និងលើកកម្ពស់សាសនវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើនសោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែន ព្រមទាំងជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យឃើញពីភាពស្រស់បំព្រង និងការអភិវឌ្ឍឥតឈប់ឈររបស់ខេត្តប៉ៃលិនផងដែរ៕

