(ប៉ៃលិន) លោក រស់នឿន អភិបាលរងខេត្តប៉ៃលិន ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅស្រុកសាលាក្រៅខេត្តប៉ៃលិនក្នុងកិច្ចប្រជុំបិទផ្សាយជាសាធារណ:នូវឯកសារ នៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លី ជាលក្ខណ:ប្រពន្ធ័ ក្នុងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅស្រុកសាលាក្រៅជាង ១ពាន់ក្បាលដី លោកបានណែនាំជម្រុញដល់អាជ្ញាធរនិងក្រុមការងារជំនាញជួយសម្របសម្រួលឯកសារបញ្ជាក់ដីធ្លីជូនពលរដ្ឋដោយមិនអោយគាត់រត់ទៅរត់មកពិបាកឡើយ បើឯកសារណាខ្វះខាតជួយបំពេញភ្លាមដោយឈលើច្បាប់ជាធំ មិនត្រូវទាលុយទាកាក់ពីប្រជាពលរដ្ឋឡើយ។
ចំណែកមន្ត្រីសុរិយោដីវិញ ត្រូវជួយពន្យល់ ពីរបៀបរបបពិនិត្យឯកសារ ជួយសម្រួលព្រំប្រទល់ដី អោយបានច្បាស់លាស់ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ ងាយស្រួលនិងទុកចិត្តលើអាជ្ញាធរនិងមន្ត្រីជំនាញរបស់យើង។បន្ថែមពីនេះ លោកក៏សូមធ្វើការផ្តាំផ្ញើដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីនេះ នៅក្នុងភូមិសាស្ត្រខាងលើ ទាំងអស់ត្រូវយកបង្កាន់ដៃឬឯកសារពាក់ព័ន្ធមកពិនិត្យកុំអាក់ខាន ដើម្បីបង្កភាព ងាយស្រួល និងឆាប់រហ័សដល់ក្រុមការងារចុះបញ្ជីដីធ្លី ពិនិត្យ និងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនឱ្យរលូននិងមានប្រសិទ្ធិភាពខ្ពស់។
លោក ហុង ពៅ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តប៉ៃលិនបានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវកាន់ភ្ជាប់មកជាមួយដូចជាបង្កាន់ដៃអត្តសញ្ញាណបណ្ណ ដើម្បីមកពិនិត្យក្រែងខុសអក្ខរាវិរុទ្ធងាយស្រួលក្រុមការងារកែឡើងវិញពិនិត្យមើលដែនទីក្បាលដីក្រែងខុសទីតាំង ហើយការពិនិត្យនេះសំខាន់ណាស់ផុតតែ១៥ថ្ងៃនេះទៅគឺខាងក្រុមការងារនិងចេញប្លង់រឹងប្រើប្រាស់ជាផ្លូវការតែម្តង។ចំពោះការពិនិត្យនេះគឺចាប់ពីថ្ងៃទី២០ ខែតុលារហូតដល់ថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២៦។
លោក សែម សុខន ប្រធានក្រុមវាលដីតំបន់១ មានលក្ខណ:ប្រព័ន្ធនៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តប៉ៃលិនបានបញ្ជាក់ថា៖ នៅក្នុងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅស្រុកសាលាក្រៅនេះ មានចំនួន១២៩២ក្បាលដីស្មើនិងទំហំផ្ទៃដី៤៣៧៩.៧៩ហិកតានិងមានប្រជាជន៦១៤គ្រួសារក្នុងនោះដីទិញដូរចំនួន១៤៦ក្បាលដី ដីអំណោយមានចំនួន២៨៤ ក្បាល ការប្រើប្រាស់ដីរួមមាន ដីលំនៅឋាន ដីកសិកម្ម ដីផ្សារ សាលាឆទាន សាលារៀន ស្រះត្រពាំងបឹងអូរនិងដីវត្ត៕

