បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូណ៌ បើកសម្ភោធសាលាភាសារកូរ៉េ នៃសាលាអន្តរជាតិ ហាឆាន់ខាំ ដែលមានទីតាំងធនាគារ ABA ចាស់ ស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយមានចូលរួមពីលោក លី សុវណ្ណារិទ្ធ អភិបាលរង ខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក គីម សុខឧត្តម ប្រធានក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ ហាឆាន់ខាំ លោកស្រី គីម សុជាតា នាយិកាសាលាភាសារកូរ៉េ នៃសាលាអន្តរជាតិហាឆាន់ខាំ រួមនឹងភ្ញៀវកិត្តិយស នៃសាលាភាសារកូរ៉េ ហាឆាន់ខាំ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សផងដែរ។
លោក គីម សុខឧត្តម ប្រធានក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ ហាឆាន់ខាំ បានបញ្ជាក់ថា ការបង្កើនសាលានេះឡើងមានគោលបំណងបង្ហាញនូវចក្ខុវិស័យឆ្ពោះទៅមុខ មិនត្រឹមតែបង្រៀនភាសាកូរ៉េប៉ុណ្ណោះទេ សាលាមានគោលបំណងក្នុងការផ្លាស់ប្តូរជីវិតជាក់ស្តែង និងឱកាសថ្មីៗដល់យុវជនកម្ពុជា ជាពិសេសយុវជននៅក្នុងខេត្តបន្ទាយមានជ័យតែម្តង។ ជាពិសេសសាលាចង់ឃើញយុវជន ទទួលបានការសិក្សាភាសាផ្សេងៗ ជាពិសេសភាសាកូរ៉េ ដែលអាជួយយុវជនចេះភាសាកូរ៉េ ក៏ដូចជាបង្កើនឱកាសការងារដល់យុវជន មានការធ្វើការ ដោយសារកំណើនអ្នកវិនិយោគមកពីប្រទេសកូរ៉េ កំពុងមានលំហូចូលមកវិនិយោគនៅកម្ពុជា។
ថ្លែងនាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត បានបញ្ជាក់ថា សាលាដែលកំពុងដាក់សម្ពោធនាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ប្រទេសកូរ៉េ ដែលបានជួយគាំទ្រដល់វិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ ហើយក៏ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ដល់វិស័យនេះឱ្យកាន់តែមានភាពល្អប្រសើរ។ ហើយក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏ដូចបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ឯកឧត្ដម មានការសាទរចំពោះសមិទ្ធផលសាលាភាសារកូរ៉េ ដែលជាផ្នែកមួយជួយឱ្យវិស័យអប់រំកាន់តែមានភាពងាយស្រួល និងមានលក្ខណៈកាន់តែទូលំទូលាយលើការងារទំនាក់ទំនងផ្នែកភាសារបរទេស ឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយថាមពល ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូ យកចិត្តទុកដាក់លើវិស័យអប់រំ ដែលជាបញ្ហាអាទិភាព ជាពិសេសប្រព័ន្ធសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា សាលាភាសារកូរ៉េអន្តរជាតិ ហាឆាន់ខាំ ដែលបានបើកសាលាសិក្សាភាសារកូរ៉េ ជាការចូលរួមលើកកម្ពស់វិស័យអប់រំក្នុងខេត្តបន្ទាយមានជ័យ និងការគាំទ្រដល់ការបណ្តុះបណ្ដាលផ្នែកផ្សេងៗទៀត ដែលនេះគឺជាផ្នែកមួយរួមចំណែកក្នុងការជំរុញ កែលម្អ និងជាស្ពានពង្រីកការទំនាក់ទំនងលើ វិស័យអប់រំសិក្សាឱ្យកាន់តែមានភាពប្រសើរឡើង និងប្រកបដោយមានប្រសិទ្ធភាព។ លើសពីនេះទៀត ប្រទេសកូរ៉េ តាមរយៈភ្នាក់ងារឯកជន និងសង្គមស៊ីវិលផ្សេងៗ ក៏បានជួយនៅដល់ប្រទេសកម្ពុជា ក៏ដូចជានៅខេត្តបន្ទាយមានជ័យ លើការងារមនុស្សធម៌ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ហើយពិតជាមានតម្លៃ ដែលពុំអាចកាត់ថ្លៃបានឡើយ៕

