(បន្ទាយមានជ័យ) លោក ហង្ស រ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព តំណាងឲ្យឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម និងលោក ឆុន វីរ: ប្រធាន សាខាខេត្តបន្ទាយមានជ័យ រួមនឹងសមាជិកសមាជិកា បានរៀបចំពិធីកាន់វេនបិណ្ឌទី១០ នៅវត្តទួលលក្ខរស្មីមានជ័យទួលពង្រ ស្ថិតនៅក្នុងសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ពិធីកាន់បិណ្ឌវេនទី១០នេះ បានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ តាមកន្លងប្រពៃណីព្រះពុទ្ធសាសនា មានពិធីសូត្រមន្តថ្វាយបង្គំនមស្សការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា លុះព្រឹកថ្ងៃទី៦ ខែតុលា បានប្រគេនយាគូ រាប់បាត្រ និងវេរភត្ថាហារប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វការីជន មាតាបិតា ជីដូនជីតានិងញាតិការទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ជាកិច្ចបញ្ចប់បិណ្ឌវេណទី១០ ប្រកបដោយសទ្ធាជ្រះថ្លា ។
លោក ហង្ស រ៉ាត់ ក្នុងនាមទីប្រឹក្សាជាន់ខ្ពស់សមាគមបានមានប្រសាសន៍លើកឡើងថា ទោះបីក្នុងកាលៈទេសៈ ប្រទេសជាតិត្រូវប្រឈមមុខនិងសង្គ្រាមការគំរាមកំហែងការឈ្លានពានពីសំណាក់ប្រទេសថៃយ៉ាងណាក៏ដោយ ស្មារតីសទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរតែងតែគោរពនិងប្រតិបត្តតាមប្រពៃណី នៅក្នុងការធ្វើបុណ្យធ្វើទានមិនដែលត្រូវបានរំលោះឬបាត់បង់ឡើយ នូវតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លានិងបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជា ជាជាតិសាសន៍មួយដែលមានទំនៀមទំលាប់ប្រពៃណីនិងជំនឿសាសនាយ៉ាងជ្រាវជ្រៅនៅក្នុងផ្លូវចិត្ត ។
លោក ហង្ស រ៉ាត់ បានបញ្ជាក់ថា ក្នុងគ្រាដ៏លំបាក ស្មារតីនៃការរួមសាមគ្គីភាព និងការជ្រោមជ្រែងគ្នាកាន់តែស្ដែងឡើងច្បាស់តាមរយៈសកម្មភាពបុណ្យទាននិងការធ្វើទានការរួមសាមគ្គីគ្នានូវតែបន្តប្រមូលផ្ដុំគ្នាធ្វើបុណ្យ ជាពិសេសបុណ្យកាន់វេនបិណ្ឌមានការរាប់បាត្រ វេរភត្តាហារប្រគេនព្រះសង្ឃ និងការបរិច្ចាគទានជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនភាសឹក ជាពិសេសដល់វីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីជាដើម ។ទាំងនេះជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់សមាគមន៍ ដែលកន្លងមកតែងតែគៀងគរពីសប្បុរសជននានាទាំងក្នុងនិងក្រៅស្រុកមានទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ពិសេសវីរៈកងទ័ពដែលកំពុងការពារបូរណភាពទឹកដីដល់គោលដៅ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយប្រមុខថ្នាក់ដឹកនាំផងដែរ៕

