(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចជើងភ្នំខ្លាកូន ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន០៣នាក់ ១–ឈ្មោះ វង្ស ជីឈីង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ជួញដូរ រក្សាទុក និងប្រើប្រាស់),២-ឈ្មោះ ហួត ដាណេ ហៅ ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ(ប្រើប្រាស់),៣–ឈ្មោះ សំ ផល្លី ហៅសក់វែងភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ (ជួញដូរ រក្សាទុក និងប្រើប្រាស់) ព្រមទាំងដកហូតវត្ថុតាង គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០១កូនថង់កិប ទម្ងន់០,៥០ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌ស (កេតាមីន) ចំនួន ០២កូនថង់កិប ទម្ងន់២,១៧ក្រាម, ម៉ូតូ ចំនួន០១គ្រឿង, ទូរស័ព្ទដៃ ចំនួន០២គ្រឿង, កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមក រក្សាទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

