បន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារមានលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក កែវ តារារស្មី អភិបាលស្រុកមង្គលបូរី រួមនឹងកងកម្លាំង រៀបចំទីទួលសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែល រស់នៅតាមតំបន់ទំនាបប្រឈមជាមួយនឹងជំនន់ទឹកភ្លៀង ត្រង់ចំណុចផ្លូវៀងក្រុង ជាប់ព្រំប្រទល់ក្រុងសិរីសោភ័ណ។ ដោយសារស្ថានភាពទឹកបន្តកើនឡើងក្នុងនោះបងប្អូនប្រជាពលរដ្ឋចំនួនប្រមាណជាង២០គ្រួសារ នៅភូមិព្រែកជីក ឃុំបត់ត្រង់ ត្រូវបានបម្លាស់ទី មកកាន់ទីទួលសុវត្ថិភាព។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត បន្តដាក់បទបញ្ជាក់ដល់អាជ្ញាធរស្រុក ក៏ដូចជាឃុំដែលប្រឈម ទឹកជំនន់ ត្រូវបន្តយកចិត្តទុកតាមដានស្ថានភាពទឹកឱ្យបានជាប់ជាប្រចាំ និងបន្តផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាលពរដ្ឋរស់នៅតំបន់ប្រឈម ត្រូវរៀបចំសម្ភារៈចាំបាច់ ទុកនៅកន្លែងសុវត្ថិភាព ហើយបើស្ថានទឹកនៅតែបន្តកើនឡើងទៀត ត្រូវបញ្ជូនកម្លាំងចេញអន្តរាគមន៍ភ្លាមៗ។
មួយវិញទៀត រាល់ទីទួលសុវត្ថិភាពត្រូវមានកងកម្លាំង ឬប្រជាការពារ ការពារសន្តិសុខនិងក្រុមគ្រូពេទ្យប្រចាំការ បើទោះពលរដ្ឋត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពមិនទាន់ចំនួនច្រើនយ៉ាងក៏ដោយ៕

