លោក ឃ្លោក នួយ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក ដោយសារជំនន់ទឹកភ្លៀង នៅអាងអូខៃដន្យ សំណង់ទី២ ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្ដបន្ទាយមានជ័យ តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ដ អមដំណើរដោយ លោក ឡាយ សុទ្ធី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកចៅសង្កាត់និមិត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពទឹក ដោយសារជំនន់ទឹកភ្លៀង នៅអាងអូខៃដន្យ សំណង់ទី២ ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ឡាយ សុទ្ធី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានមានប្រសាសន៍ថា ស្ថានភាពទឹកក្នុងភូមិសាស្ត្រ ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងមានការប្រែប្រួលគួរឱ្យបារម្ភ ដោយកម្រិតទឹកចាប់ផ្តើមកើនឡើងជាបណ្តើរៗ។

ជាមួយគ្នានេះ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមបណ្ដោយមាត់ស្ទឹង ព្រែក បឹង និងតំបន់ដែលអាចប្រឈមនឹងការជន់លិច សូមបង្កើនការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពទឹកជាប្រចាំ។ ជាពិសេស សូមមាតាបិតា និងអាណាព្យាបាលបង្កើនការយកចិត្តទុកដាក់ចំពោះ កុមារតូចៗ ដើម្បីជៀសវាងហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។

លោក ឃ្លោក នួយ អភិបាលរងខេត្ត តាងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ និងបន្តតាមដានស្ថានភាព និងសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីចាប់វិធានការសមស្រប និងទាន់ពេលវេលា ក្នុងការកាត់បន្ថយផលប៉ះពាល់ពីគ្រោះជំនន់ទឹកភ្លៀង និងការពារសុវត្ថិភាពប្រជាពលរដ្ឋផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *