(បន្ទាយមានជ័យ) វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសតែងតាំងខុទ្ទកាល័យផ្លូវការខ្លួនដែលមានលោក ឧត្តម វិវឌ្ឍន៍ ជាទូតសុឆន្ទៈ ប្រចាំវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត តំណាងឯឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីរឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្ត លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងលោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាស្ថានពហុបច្ចេកទេស សរុបប្រមាណជាង២០៩នាក់ ស្រី៥៩នាក់ កាលពីថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំវិទ្យាស្ថានពហុបចេ្ចកទេស ខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លោក ឧត្តម វិវឌ្ឍន៍ ជាទូតឆន្ទៈ ប្រចាំវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលភារកិច្ច និងការទទួលខុសត្រូវរបស់ខុទ្ទកាល័យដើម្បីសម្រេចបាននូវគោលបំណងដ៏ថ្លៃថ្លានេះ ក្នុងការទទួលរ៉ាប់រងនូវភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗនេះ។
ក្នុងឱកាសនោះលោក ឧត្តម វិវឌ្ឍន៍ បានធ្វើការប្ដេជ្ញាចិត្ត និងលើកទឹកចិត្តដល់បងប្អូនសិស្សនិស្សិតទាំងអស់ ព្រមទាំងចូលរួមពង្រឹង និងតម្រង់ទិសដល់មនុស្សជុំវិញខ្លួន ដល់សាធារណជន ឱ្យចាប់យកនូវជំនាញផ្ទាល់ខ្លួនជាសំខាន់។ ពិសេសសូមកុំមើលងាយខ្លួនឯងហើយទាំងអស់នេះអោយឃ្លាតចាកពីភាពក្រីក្រ។
ថ្លែងក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការរៀបចំពិធីនាថ្ងៃនេះ គឺបានដើរតួនាទីយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ ដែលមានគោលបំណងច្បាស់លាស់ចំនួន៣៖
១,ប្រកាសជាផ្លូវការនូវការតែងតាំងលោកឧត្តមវិស្វករ ជាខុទ្ទកាល័យរបស់វិទ្យាស្ថាន៖ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់មុខមាត់ ជោគជ័យ និងបេសកកម្មអប់រំរបស់គ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋនៅក្នុងខេត្តរបស់យើង។
២,លើកកម្ពស់ការយល់ដឹងអំពី TVET ៖ បញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវជ្ជាជីវៈ (TVET) ដល់យុវជន និងប្រជាសហគមន៍ក្នុងខេត្តបន្ទាយមានជ័យ ឱ្យមើលឃើញថា «ជំនាញបច្ចេកទេស គឺជាគ្រឹះដ៏រឹងមាំសម្រាប់ការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ»។
៣,កសាងឥទ្ធិពល និងបណ្តាញទំនាក់ទំនង៖ ប្រើប្រាស់កម្លាំងឥទ្ធិពល និងភាពជាដៃគូប្រកបដោយឥទ្ធិពលនេះ ក្នុងការទាក់ទាញ និងជួយគាំទ្រសិស្ស–និស្សិតឱ្យចូលរៀនជំនាញវិជ្ជាជីវៈ ព្រមទាំងកសាងបណ្តាញទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍និងវិស័យឯកជន ដើម្បីពង្រីកឱកាសការងារជូនយុវជន។
លោក យឹម សំណាង បានបន្តថា៖ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង និងជម្រុញឱ្យគ្រប់មន្ទីរ–អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថាន និងទូតសុឆន្ទៈ ដើម្បីឱ្យបេសកកម្មដ៏មានសារៈសំខាន់នេះ ទទួលបានលទ្ធផលល្អប្រសើរយ៉ាងត្រចះត្រចង់៕

