(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងរបស់ឈ្មោះ សេង ប្រុស ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដែលត្រូវជាជីតារបស់ជនរងគ្រោះឈ្មោះ សុខ ផ្លយ ភេទស្រី អាយុ១១ឆ្នាំ ស្តីពីករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចខាងលើ បង្កឡើងដោយជនសង្ស័យឈ្មោះ សេង កូ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ បានធ្វើសកម្មភាពប្រើដំបងឈើ និងខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ពកក្បាលផ្នែកខាងក្រោយចំនួន០១កន្លែង និងមានស្នាមជាំខ្នងជាច្រើនកន្លែង ព្រមទាំងមានស្នាមជាំនៅដើមដៃខាងឆ្វេងចំនួន០១កន្លែង ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក។
ក្រោយពីទទួលបានបណ្តឹងពីជីតាជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុ ហើយធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យដែលប្រព្រឹត្តបទល្មើស រហូតនៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង កូ ភេទប្រុស អាយុ៣០ឆ្នាំ រួមទាំងដកហូតវត្ថុតាងដំបងឈើនិងខ្សែក្រវ៉ាត់ នៅចំណុចមណ្ឌ៨ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (+) ។
លោកអនុសេនីយ៍ឯកតិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដំបងឈើនិងខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះពិតប្រាដកមែន ដោយសាររូបខ្លួនខឹងហ្នឹងជនរងគ្រោះអាយុក្មេងហើយជេរប្រមាថមកលើរូបខ្លួន។ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

