(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ចំនួន ០៣នាក់ ១–ឈ្មោះ តឿត ចាន់ណា ហៅ ស្វា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ(ជួញដូរ និងប្រើប្រាស់), ២–ឈ្មោះ គឹម ភី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ននៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ជួញដូរ រក្សាទុក និងប្រើប្រាស់), ៣–ឈ្មោះ ធឿង ប៊ុនថន ហៅ គីម ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្ននៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ(ជួញដូរ និងរក្សាទុក)។ ព្រមទាំង ដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០៥កូនថង់កិប ទម្ងន់ ៦៦,៣៤ក្រាម, ម៉ូតូចំនួន ០៣គ្រឿង (រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ), ទូរស័ព្ទ ចំនួន ០៤គ្រឿង រួមនឹងសម្ភារៈមួយចំនួនទៀត ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

