(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឈរជើងតាមព្រំដែនកម្ពុជា–ថៃ សរុបចំនួន០៥នាក់ រថយន្តចំនួន០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ រ៉ាត់ នាយសេនាធិការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៩១១ បានដាក់ប៉ុស្តិ៍សង្កេតការណ៍តាមខ្សែបន្ទាត់ព្រំដែន នៅចំណុចក្រោយវត្តជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ ក្នុងនោះស្រីចំនួន០១នាក់ កំពុងលួចឆ្លងដែនដោយខុសច្បាប់ចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ។ ភ្លាមនោះកម្លាំងចម្រុះបានឃាត់ខ្លួនមនុស្សនោះ០៣នាក់រួមមាន៖ ១.ឈ្មោះ ភិន សុណាវិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ ប៊ូ ខឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ តែ ផាន់ឌីណា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រួមទាំងវត្ថុតាងមួយចំនួន ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំទៅតាមនីតិវិធី។ ក្រោយពីបានសួរនាំរកឃើញថា ឈ្មោះ ភិន សុណាវិន គឺជាមេខ្យល់នាំមនុស្សឆ្លងចេញចូលប្រទេសថៃដោយខុសច្បាប់ ហើយកម្លាំងជំនាញបានធ្វើតេស្តទឹកនោមពិនិត្យរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+) ចំណែកឈ្មោះ ប៊ូ ខឿន និងឈ្មោះ តែ ផាន់ឌីណា គឺជាជនរងគ្រោះ ត្រូវមេខ្យល់ខាងលើនាំចេញដោយខុសច្បាប់ទៅប្រទេសថៃ។ យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យាចំពោះជនរងគ្រោះឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ចំពោះជនសង្ស័យក្រោយស្ដាប់ចម្លើយ ពិនិត្យឃើញថាពិតជាមានការស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ពីតម្រុយករណីខាងលើ រងការចោទប្រកាន់លើករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ដោយផ្អែកលើចម្លើយសារភាពនិងមានជនរងគ្រោះជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជួញដូរមមនុស្សនិងការពារអនីតិជន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

