បន្ទាយមានជ័យ៖សិស្សានុសិស្សនិងយុវជនកាកបាទក្រហមចំនួន ២១៨នាក់ ស្រីចំនួន១២៥នាក់នៃវិទ្យាល័យមង្គលបុរី ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានទទួលវគ្គផ្សព្វផ្សាយឲ្យបានយល់ដឹងកាន់តែច្បាស់នៃជំងឺអេដស៍។ដែលពិធីនេះរៀបចំដោយកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្រោមវត្តមានចូលរួមពីសំណាក់លោកជំទាវ មុំ ចាន់ធី នាយការរងនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជានិងលោកបណ្ឌិត វ៉ា សុភ័ក្រ ប្រធានការិយាល័យការពារជំងឺឆ្លងកាកបាទក្រហមកម្ពុជា។
លោក ឃុន វុទ្ធី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានលើកឡើងថា ការផ្សព្វផ្សាយស្ដីពីយុវជនមានការប្រព្រឹត្តប្រពៃមិនភិតភ័យនិងជំងឺអេដស៍នាថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ដល់ប្អូនៗជាសិស្សានុសិស្ស ដែលកំពុងសិក្សារៀនសូត្រឲ្យបានយល់ដឹងកាន់តែជ្រោះជ្រាបកាន់តែច្បាស់ចំពោះបញ្ហាជំងឺអេដស៍យើងត្រូវយល់ថា យើងភ្លេចអេដស៍ ប៉ុន្តែអេដមិនដែលភ្លេចយើងនោះទេ។
លោកបណ្ឌិត វ៉ា សុភ័ក្រ បានមានប្រសាសន៍ថា យុវជនគឺជាទំពាំងស្នងឬស្សីគឺជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិយ៉ាងណាមិញសុខភាពមាំមួននិងមានចំណេះដឹងច្បាស់លាស់គឺជាគ្រឹះដ៏រឹងមាំមិនអាចខ្វះបានសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ប្អូនៗចំពោះបញ្ហាអេដស៍និងសុខភាពផ្លូវភេទនៅតែជាប្រធានបទដ៏សំខាន់ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ការខ្មាសអៀនឬការខ្វះព័ត៌មានពិតប្រាកដអាចនាំឱ្យយើងប្រឈមមុខនិងហានិភ័យដោយមិនដឹងខ្លួន។ដូច្នេះការចូលរួមវគ្គផ្សព្វផ្សាយនៅថ្ងៃនេះ សង្ឃឹមថា ប្អូនៗនិងទទួលបានចំណេះដឹងដើម្បីចេះបង្ការខ្លួនកុំឲ្យឆ្លងជំងឺនេះចូលចងចាំថា ការពារប្រសើរជាងព្យាបាល។
គួរបញ្ជាក់ផងដែរថាវាផ្សព្វផ្សាយនាថ្ងៃនេះ បានបើកទូលាយនៅសំណួរដល់ប្អូនៗសិស្សានុសិស្សនិងចម្ងល់ទាំងពួងទាំងឡាយស្ដីពីបញ្ហាអេដស៍ដោយបញ្ចេញនូវភាពក្លាហានគ្មានការខ្មាស់អៀនព្រោះការយល់ដឹងពីវិធីបង្ការនិងថែទាំសុខភាពគឺជាបញ្ហាសំខាន់គឺជាបញ្ហាបង្ហាញពីការទទួលខុសត្រូវខ្ពស់ចំពោះជីវិតខ្លួនឯងនិងសង្គមជាតិ៕

