( តាកែវ )៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តធន់ធំ ប្រភេទសណ្ដោងរម៉ក បានបុករះ ម៉ូតូបីគ្រឿង ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិតាយឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីវេលាម៉ោង ៦និង៥០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានឆក់យកជីវិតមនុស្សចំនួន៣នាក់ និងរបួសធ្ងន់ ១នាក់ ខណៈអ្នកបើកបររថយន្ដ បានរត់គេចខ្លួនតាមវាលស្រែបាត់ស្រមោល។
សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយរថយន្តធន់ធំសណ្ដោង បុករះ ម៉ូតូ៣គ្រឿង ដោយធ្វើដំណើរបញ្ច្រាសទិសគ្នា រថយន្តសណ្ដោងរម៉កធ្វើដំណើរពីត្បូងទៅជើង ចំណែកឯម៉ូតូ៣គ្រឿង ធ្វើដំណើរពីជើងទៅត្បូង ។ហេតុការណ៍គ្រោះថ្នាក់នេះ គឺបានបណ្តាលឱ្យជនរងគ្រោះខាងម៉ូតូជាមនុស្សប្រុស ចំនួន ៣នាក់ បានស្លាប់នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាទី រួចបន្តយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ វាស់វែង និងសម្រួលចរាចរណ៍ ។ចំណែកសពជនរងគ្រោះ ត្រូវបានរក្សាទុករង់ចាំ ប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ជុំវិញមូលហេតុនៃការបង្ករឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះដែរ សមត្ថកិច្ចជំនាញចរាចរណ៍ និងកំពុងបន្តធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណ តៃកុងរថយន្តនេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕ ដោយ ៖ លោក ផូង បញ្ញា

