(ខេត្តបន្ទាយមានជ័យ) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក ឆុន វីរៈ ប្រធានសមាគមន៍សម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ រួមនិងក្រុមការងារ សហការជាមួយនឹងព្រះសង្ឃ បាននាំយកអំណោយជាសម្ភារៈនិងគ្រឿងឧបភោគបរិភោគ ចែកជូនដល់វីរៈកងទ័ព ដែលកំពុងឈរជើងនៅជួរមុខក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោក ឆុន វីរៈ បានឱ្យដឹងថា អំណោយដែលត្រូវយកមកចែកជូនដល់វីរៈកងទ័ពពេលនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់លោក នឹងព្រះសង្ឃ រួមនិងក្រុមការងារ បាននិមន្តនិងអញ្ជើញគៀងគរពីរប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករនិង សប្បុរសជននានា ដែលមានសទ្ធាជ្រះថ្លាផ្ដល់ជូនជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ជាដើម ។
នាឱកាសនោះលោក ឆុន វីរៈ បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ពិសេស វីរៈកងទ័ព ដ៏អង្គអាចក្លាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ពីការឈ្លានពានរបស់ទាហានសៀម ។
លោក ឆុន វីរៈ បានបញ្ជាក់ថា ទោះបីអំណោយដែលផ្ដល់ជូននាពេលនេះតិចតួចមិនគ្រប់តាមតម្រូវការក៏ពិតមែន ក៏ប៉ុន្តែវាអាចជួយកាត់បន្ថយការលំបាកបានមួយគ្រាដែរ ហើយម្យ៉ាងវិញទៀតក៏ជាការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រនិងការលំបាករបស់វីរៈកងទ័ពក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតផងដែរ ។
ទន្ទឹមនោះលោក ឆុន វីរៈ ក្នុងនាមប្រធានសមាគមន៍សាខាខេត្តបន្ទាយមានជ័យក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងសប្បុរសជននានា ដែលជឿជាក់លើសមាគម តែងតែជួយឧបត្ថម្ភជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ តាមរយៈសមាគម យកមកប្រគល់ជូនដល់វីរៈកងទ័ព និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតដោយផ្ទាល់ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយឡើយ៕










